ត្បូងឃ្មុំ÷ សង្វៀនជល់មាន់ លេងអាប៉ោង ចាក់យូគីខុសច្បាប់មួយកន្លែងនៅក្នុងចំការកៅស៊ូក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រភូមិស្ទៀង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងបើកឲ្យក្រុមអ្នកញៀនល្បែងចូលទៅលេងភ្នាល់ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ខណៈអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធហាក់មិនអើពើបង្ក្រាប ដែលធ្វើឲ្យពលរដ្ឋមានចម្ងល់ថា ទំនងម្ចាស់សង្វៀនជល់មាន់ខុសច្បាប់នេះ ទំនងមានអំណាចធំជាងលោក ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំទៀតផងក៏មិនដឹង?។
ប្រជាពលរដ្ឋរស់នៅភូមិស្ទៀង បានរាយការណ៍ឲ្យដឹងថាសង្វៀនជល់មាន់ខុសច្បាប់នេះបើកឲ្យអ្នកញៀនល្បែងចូលលេងភ្នាល់ជាយូរមកហើយ ដោយមានអ្នកចូលទៅលេងល្បែងរាប់រយនាក់ក្នុងមួយថ្ងៃៗ មានទាំងពលរដ្ឋក្រីក្រ និងអ្នកមានលុយមកពីទីជិត និងឆ្ងាយ មានទាំងម៉ូត និងឡានរាប់រយគ្រឿង។
ប្រជាពលរដ្ឋឲ្យដឹងទៀតថា ពួកគាត់សង្វេគខ្លាំងណាស់ ដោយសារក្រុមអ្នកញៀនល្បែងជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានមួយចំនួនចាញ់បុសក្តិតខោ អ្នកខ្លះត្រូវប្រពន្ធកូនទៅក្បែរសង្វៀនជល់មាន់អង្គុយរង់ចាំប្តី ឪពុក ដែលញៀនល្បែងទាំងទឹកមុខក្រៀមក្រំដោយសារតែពួកគាត់ជំពាក់បំណុលគេជុំកោះព្រោះប្តីញៀនល្បែង ឯអ្នកខ្លះកើតហិង្សាឈ្លោះទាស់តែងក្នុងគ្រួសារថែមទៀតផង។
ប្រជាពលរដ្ឋដដែលខាងលើលើកឡើងទៀតថា លោក ហ៊ួត ហាន មេសង្វៀនជល់មាន់ដុះស្លែនេះ ទំនងមានអំណាចធំជាងលោក ប៉ែន កុសល ចៅហ្វាយត្បូងឃ្មុំហើយមើលទៅ ទើបសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនហ៊ានហ៊ានបង្ក្រាប? ពួកគាត់សំណូមពរដល់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ខមន្រ្តីក្រសួងមហាផ្ទៃមេត្តាពិនិត្យលើការអនុវត្តច្បាប់ភូមិឃុំមានសុវត្ថិភាព។

