ខេត្តតាកែវ៖ នារសៀលថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំធំ សាលាដំបូងខេត្តតាកែវ មានកិច្ចប្រជុំ ណែនាំ និងពិភាក្សាស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូង និងឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា និងមានការចូលរួមដោយ លោកអនុប្រធាន លោក-លោកស្រីព្រះរាជអាជ្ញារង លោក-លោកស្រីចៅក្រម លោកប្រធានលេខាធិការដ្ឋាន លោកអនុប្រធានលេខាធិការដ្ឋាន លោកប្រធានការិយាល័យ និងកងសន្តិសុខ។ កិច្ចប្រជុំនេះបានពិភាក្សាទៅលើចំណុចគោលសំខាន់ៗរួមមាន៖
(១) ការពង្រឹងសន្តិសុខច្រកចេញចូល
(២) ត្រូវមានបណ្ណសម្គាល់ខ្លួនពាក់ជាប្រចាំសម្រាប់សាធារណជន
(៣) មន្ត្រីត្រូវពាក់ឯកសណ្ឋានដែលក្រសួងផ្តល់ឱ្យ និងប្រើបណ្ណសម្គាល់ខ្លួន
(៤) រៀបចំជាទូរសម្រាប់ដាក់បញ្ញើសម្ភារៈ ទូរសព្ទដៃ និងឧបករណ៍ផ្សេងៗរបស់ភ្ញៀវនៅកន្លែងសន្តិសុខ
(៥) រៀបចំសណ្តាប់ធ្លាប់ក្នុងបរិវេណសាលាដំបូង និងអយ្យការអមសាលាដំបូងសម្រាប់សួរចម្លើយ និងពេលសវនាការ
(៦) រៀបចំបន្ទប់ឃ្លាំងដាក់សម្ភារៈវត្ថុតាងសំខាន់ឱ្យមានសុវត្ថិភាព
(៧) កំណត់ពេលវេលាប្រជុំបន្ទាន់ជាមួយ មន្រ្ដីពន្ធនាគារ និងមន្រ្ដីនគរបាលយុត្តិធម៌ដែលបញ្ជូនជនល្មេីសមកតុលាការ។

