ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន គឹមជាតិ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងជាប្រធានទទួលជួយក្រុមការងារបក្សឃុំក្តឿងរាយ ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងឃុំក្តឿងរាយ។
ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅទីស្នាក់ការគណបក្សឃុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារចុះជួយឃុំ ភូមិ ប្រធាន-អនុប្រធានគណៈកម្មាធិការបក្សឃុំ ព្រមទាំងបងប្អូនសមាជិក សមាជិកាគណបក្សយ៉ាងច្រើនកុះករ ក្នុងបរិយាកាសស្និទ្ធស្នាល ភាពជាគ្រួសារ និងពោរពេញដោយសាមគ្គីភាពជាធ្លុងមួយ។
នៅក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តម ហ៊ុន គឹមជាតិ បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជូនដល់សមាជិក សមាជិកាបក្ស និងបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំក្តឿងរាយទាំងមូល ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេស។
មានប្រសាសន៍ទៅកាន់អង្គពិធីទាំងមូល ឯកឧត្តម ហ៊ុន គឹមជាតិ អនុប្រធានក្រុមការងារបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបក្សគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាននាពេលកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើតួនាទីយ៉ាងសំខាន់របស់សមាជិកបក្សក្នុងការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
ឯកឧត្តម ហ៊ុន គឹមជាតិ ក៏បានណែនាំ និងជំរុញដល់ក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវបន្តចុះជួបសួរសុខទុក្ខ ក្តាប់ឱ្យជាប់នូវរាល់តម្រូវការ ក្តីកង្វល់ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ជំនឿទុកចិត្ត និងពង្រឹងប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជាឱ្យកាន់តែរឹងមាំទ្វេឡើង។
ពិធីសំណេះសំណាលបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងយោគយល់គ្នាខ្ពស់ ដោយសមាជិក សមាជិកាគណបក្សឃុំក្តឿងរាយទាំងអស់ បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍ និងភាពរុងរឿងជានិរន្តរ៍៕

