នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនស្រ្តីម្នាក់តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការករណីចេញសែកស្អុយ និងឆបោក.!

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនស្រ្តីម្នាក់ករណីចេញសែកស្អុយ និងឆបោក។

ការឃាត់ខ្លួននេះ បានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ម៉ុត ដារ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ដីកានេះបានបញ្ជាឲ្យឈ្មោះ ចាន់ គន្ធា ភេទស្រី អាយុ៥១ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្នផ្ទះលេខ១១៨ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចូលបង្ហាញខ្លួនឲ្យមុនថ្ងៃទី៣១ ខែកក្កដា។

ការបញ្ជាឲ្យចូលខ្លួននេះ គឺដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និង ឆបោក»។

ក្រោយការឃាត់ខ្លួននៅតាមផ្លូវ៦០ម៉ែត្រ ស្រ្តីរូបនេះ ត្រូវបានបញ្ជូនទៅសួរនាំបន្តនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។

Leave a Reply

Your email address will not be published. Required fields are marked *