ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦
@:កំពុងស្ពឺ@: លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញនាំយកនូវសារំលែកទុក្ខ និងថវិកា របស់រដ្ឋបាលខេត្ត ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោកពលបាលទោ យឿន សោភា មន្រ្តីយោធាដែលបានទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាចរ ក្នុងជន្មាយុ ២១ឆ្នាំ ស្ថិតនៅភូមិត្រពាំងអូល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្នុងវេលាប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តជាអនេកនេះ លោកបណ្ឌិត តូច ប៉ូលីវ៉ា សូមសម្តែងនូវក្តីក្រៀមក្រំពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យបំផុតជាមួយ ក្រុមគ្រួសារ និងសាច់សារលោហិតទាំងអស់ ចំពោះការបាត់បង់នូវ ឪពុក កូន ស្វាមី បងប្អូន ជាទីស្រលាញ់ដែលជាម្លប់ដ៏ត្រជាក់កក់ក្តៅ មានកត្តញ្ញូតាធម៌ ព្រហ្មវិហារធម៌ របស់ក្រុមគ្រួសារ ក៏ដូចជាការបាត់បង់នូវធនធានការពារជាតិ ដែលមានស្នាដៃក្នុងការបំពេញការងារជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ព្រមទាំងបានអុជធួកបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបរមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកពលបាលទោ យឿន សោភា សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។
ដោយមានការចូលរួមពី ៖ លោកស្រីប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកស្រីនាយិកា សាខាកាកបាទក្រហមខេត្ត លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុក លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកនាយប៉ុសិ៍រដ្ឋបាលឃុំព្នាយ ព្រមទាំង លោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនថែមទៀតផង៕
#រាយការណ៍ដោយ ញៀប ចាន់#

