ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង បានសម្តែងការព្រួយបារម្ភ និងដាក់ការសង្ស័យលើទីតាំងផ្ទះមួយកន្លែង ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧៨ ដោយសារសង្កេតឃើញមានមនុស្សប្រុសស្រី ចេញចូលមិនដាច់ជារៀងរាល់ថ្ងៃ ខណៈពួកគាត់សង្ស័យថាទីតាំងនេះអាចមានបង្កប់អាជីវកម្មខុសច្បាប់។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតខាងនោះ បានលួចបង្ហើបឱ្យដឹងថា ទីតាំងខាងលើនេះ រួមទាំងទីតាំងស្រដៀងគ្នាមួយចំនួនទៀតសរុបប្រមាណជាង៦កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧៨ និងផ្លូវលេខ២៨០ ត្រូវបានគេសង្ស័យថា ជាកន្លែងបង្កប់សេវាកម្មផ្លូវភេទ ដោយមាននារីជាជនជាតិវៀតណាមជាច្រើននាក់ស្នាក់នៅរង់ចាំភ្ញៀវ។ ប្រភពដដែលបានបន្តថា ទីតាំងទាំងនេះត្រូវបានបើកដំណើរការជាយូរឆ្នាំមកហើយ ដោយមានមេខ្លោង ឬថៅកែតែមួយគ្រប់គ្រងនៅពីក្រោយខ្នង ប៉ុន្តែមិនទាន់ឃើញមានសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានចុះធ្វើការត្រួតពិនិត្យ ឬចាត់វិធានការហាមឃាត់នៅឡើយនោះទេ។
ការរស់នៅក្បែរទីតាំងអនាធិបតេយ្យបែបនេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ទាំងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាផលប៉ះពាល់ដល់សីលធម៌ និងការរស់នៅរបស់ក្មេងៗជំនាន់ក្រោយនៅក្នុងសហគមន៍។
ទាក់ទិននឹងករណីខាងលើនេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមគោរពអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង និងសមត្ថកិច្ចជំនាញ មេត្តាជួយចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យ និងមានវិធានការច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ប្រសិនបើរកឃើញថាទីតាំងទាំងនោះពិតជាមានការបង្កប់អាជីវកម្មផ្លូវភេទ ឬអំពើខុសច្បាប់ណាមួយមែន ដើម្បីផ្តល់ភាពកក់ក្តៅ និងរក្សាបាននូវភូមិ-សង្កាត់មានសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

