មន្ត្រីគយមួយក្រុមឈរជើង នៅលើផ្លូវជាតិលេខ២ ហ៊ានប្រើ (ជនស៊ីវិល) ដើរប្រមូលលុយពីឡានដឹកទំនិញ តួចធំផ្សេងៗ ដោយផ្គើននឹងបទបញ្ជា របស់ថ្នាក់ដឹកនាំ.!

ខេត្តកណ្តាល@.ស្នាក់ការគយមួយកន្លែង ប្រចាំការនៅលើ ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងរងការរិះគន់យ៉ាងចាស់ដៃពីក្រុមអាជីវករថា បាននិងកំពុងប្រើប្រាស់ «ជនស៊ីវិល» ឱ្យដើរប្រមូលលុយ និងចាំកត់ស្លាកលេខឡានយ៉ាងមមាញឹកទាំងថ្ងៃទាំងយប់។

សកម្មភាពនេះបានបង្ហាញពីការផ្គើនយ៉ាងចំហទៅនឹងបទបញ្ជារបស់ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលកន្លងមកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ «ហាមដាច់ខាតមិនឱ្យមានការប្រើប្រាស់ជនស៊ីវិលមកឈរជើង ឬបំពេញការងារជំនួសមន្ត្រីគយឡើយ»។

សកម្មភាពអសកម្មនេះ កំពុងតែបើកដៃឱ្យក្រុមឈ្មួញតូចធំដឹកជញ្ជូនទំនិញគេចពន្ធពីព្រំដែនវៀតណាម ហូរចូលមកកាន់រាជធានីភ្នំពេញយ៉ាងរលូន ដោយមិនខ្វល់ពីវិធានការបង្ការ និងបង្ក្រាបបទល្មើសគេចពន្ធរបស់ថ្នាក់លើនោះឡើយ។

បើតាមការទម្លាយឱ្យដឹងពីក្រុមអាជីវកររកស៊ីដឹកទំនិញឆ្លងដែនតាមផ្លូវជាតិលេខ២ វិធីសាស្ត្រនៃការបង់លុយរត់ការមាន ២ទម្រង់៖អាជីវករតូចតាច៖ ត្រូវខលរាយការណ៍ជាមុនតាមទូរស័ព្ទទៅ មន្ត្រី ឬបុគ្គល ប្រចាំ នៅ ស្នាក់ការគយ នៅ ស្រុកកណ្តាលស្ទឹង ដើម្បីសុំបើកផ្លូវ និងត្រូវចូលទៅបង់លុយ «ថ្លៃបាយទឹក» ផ្ទាល់ដៃទៅតាមប្រភេទឡាន និងទំនិញដែលបានកំណត់ ដោយមិនអាចកុហក ឬគេចវេសបានឡើយ។

ចំណែក ក្រុមហ៊ុនម៉ៅការធំៗ ពួកគេ មិនបង់លុយផ្ទាល់ដៃទេ គឺមានការកត់បញ្ជីសរុបច្បាស់លាស់សម្រាប់ទូទាត់ជាប្រចាំសប្តាហ៍ ឬប្រចាំខែតែម្តង។

ប្រភពដដែលបន្តថា ជារៀងរាល់ថ្ងៃ គេឃើញរថយន្តដឹកទំនិញឈប់បន្តកន្ទុយគ្នាឱ្យជនស៊ីវិល និងមន្ត្រីគយនៅទីនោះប្រមូលលុយជាហូរហែឥតដាច់ ដោយតម្លៃត្រូវបានកំណត់ថា រថយន្តសាំងយ៉ុង ឬរថយន្តតួរីស៖ តម្លៃចាប់ពី ៧ម៉ឺន ដល់ ១៥ម៉ឺន ឬ ២០ម៉ឺនរៀល។រថយន្តដឹកទំនិញខ្នាតធំ៖ តម្លៃចាប់ពី ៣០ម៉ឺន ដល់ ៦០ម៉ឺនរៀល (គិតតាមប្រភេទទំនិញ)។ទំនិញពិសេស/គ្រឿងអេឡិចត្រូនិក៖ ថ្លៃបាយទឹកនឹងហក់ឡើងកាន់តែខ្ពស់ ទៅតាមការចរចាជាក់ស្តែង។

ជុំវិញករណីខាងលេី អង្គភាពយើងខ្ញុំ មិនអាចស្វែងរកការ បកស្រាយពី បញ្ហា ខាងលើពីមន្ត្រី គយ បាននៅឡើយបានទេ ដោយសារ គ្មានប្រភពទំនាក់ទំនង។

អង្គភាពយើងរងចាំការបកស្រាយជានិច្ច

Leave a Reply

Your email address will not be published. Required fields are marked *