ខេត្តកណ្តាល÷ក្រុមឈ្មួញតូចធំ ដែលធ្វើសកម្មភាព ដឹកជញ្ជូនទំនិញ គ្រប់ប្រភេទ ឆ្លងកាត់ ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននាំគ្នាចេញចូល បង់លុយឲ្យសាខាគយនិងរដ្ឋករ ខេត្តកណ្តាល បណ្តាក់គ្នាដូចខ្យង ធ្វើឲ្យលោកសំកុសល ប្រធានសាខាគយនិងរដ្ឋករ ខេត្តកណ្តាល រកចំណូល ច្រកក្នុងហោប៉ៅ ក្នុងមួយថ្ងៃៗ រាប់សិបលានរៀល។
សូមជម្រាបថា លោកសំ កុសល តាំងតែពីទទួលបានតំណែង ជាប្រធានសាខាគយនិងរដ្ឋករ ខេត្តកណ្ដាល លោក សំ កុសលមិនដែលឲ្យមន្ត្រីរបស់ខ្លួន ចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដែលមហាជនសង្ស័យថា ជាទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ ដែលឆ្លងកាត់ផ្លូវជាតិលេខ២ ដោយមន្ត្រីគយប្រចាំការជួយសម្របសម្រួលឲ្យឈ្មួញទាំងនោះដឹកទំនិញទៅដល់គោលដៅប្រកបដោយសុវត្ថិភាព។
ប្រភពបានឲ្យដឹងថា ក្រុមឈ្មួញតូចធំ ដែលដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដែលគេសង្ស័យថា ជាទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ ដែលឆ្លងកាត់ផ្លូវជាតិលេខ២ ចូលទៅរាជធានីភ្នំពេញ សុទ្ធសឹងតែមានទំនាក់ទំនងជិតស្និទ្ធជាមួយល្អ ជានិងកូនចៅរបស់លោកសំ កុសល ដើម្បីសម្រួលដល់ អាជីវកម្មរបស់ពួកគេ។ លើសពីនេះទៅទៀតនោះ លោក សំ កុសល បានបើកភ្លើងខៀវ ឲ្យក្រុមមន្ត្រីគយ នៅចំនុចផ្លូវជាតិលេខ២ ស្ថិតក្នុង
ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង យកលុយពីក្រុមឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញ យ៉ាងត្រជាក់ល្ហឹម ដើម្បីធ្វើមានបានទៀតផង។
ទាក់ទិននិងករណីខាងលើនេះ មហាជនបានសំណូមពរដល់លោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា ជាពិសេសលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មេត្តាជួយពិនិត្យសកម្មភាព ខាងលើនេះផង ដែលកំពុងតែធ្វើអោយ បាត់បង់ចំណូល ក្នុងការប្រមូលពន្ធជូនរដ្ឋ ដោយសារទង្វើមន្ត្រីខិលខូច បើកដៃឲ្យឈ្មួញដឹកជញ្ជូន ទំនិញគ្រប់ប្រភេទ ដែលគេសង្ស័យថា ជាទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ ដែលដឹកជញ្ជូន ឆ្លងកាត់ផ្លូវជាតិលេខ២។
ទាក់ទិននិងករណីខាងលើនេះ បណ្តាញសារព័ត៌មានយើងខ្ញុំ មិនអាចទាក់ទងសូមការបំភ្លឺលំអិត ពីលោកសំ កុសល បាននោះទេ ដោយសារមិនមានលេខទូរស័ព្ទ ដើម្បីទំនាក់ទំនង បាននៅទ្បេីយ ។

