បែកធ្លាយព័ត៌មានទៀតហើយ ! ឧត្តមសេនីយ៍ លី ឈុនអ៊ូ មិនត្រឹមតែបើកល្បែងស៊ីសងខុសច្បាប់តុបៀនោះទេ ថែមទាំងជាម្ចាស់វេបសាយបញ្ជាល់មាន់អនឡាញV55 ថែមទៀត.!

(ភ្នំពេញ) ៖ តើឧត្តមសេនីយ៍ លី ឈុនអ៊ូ ជានរណាបានជាមានសិទ្ធបើកល្បែងខុសច្បាប់គ្រប់ប្រភេទនៅកម្ពុជា? រហូតមកដល់បច្ចុប្បន្នឧត្តមសេនីយ៍ លី ឈុនអ៊ូ ហៅឧកញ៉ា អ៊ូ ដែលត្រូវបានគេស្គាល់ថា ជាឧត្តមសេនីយ៍មានអត្ថលេខ ៩០៧៤១ មានតួនាទី ជាអនុប្រធាននាយកដ្ឋានប្រឆាំងភេវរកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានបើកល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា នាពេលកន្លងមក ហើយល្បីកក្រើកទឹកកក្រើកដីតែគ្មាននរណាអាចធ្វើអ្វីលោកបាន។

ប្រភពព័ត៌មានថ្មីៗនេះ ដែលអង្គភាពយើងខ្ញុំទទួលបាននោះគឺ ឧត្តមសេនីយ៍ លី ឈុនអ៊ូ បានបើកល្បែងអនឡាញបញ្ជាល់មាន់ភ្នាល់លុយនៅកម្ពុជាចំណេញលុយរាប់លានដុល្លារ និងរាប់ឆ្នាំមកហើយ ហើយប្រជាពលរដ្ឋដែលចាញ់ល្បែងស៊ីសងបែបនេះក៏ច្រើនផងដែរ នៅតាមតូបកាហ្វេក៏សំបូរណាស់ដែរ។ វេបសាយរបស់ឧកញ៉ារូបនេះ មានឈ្មោះថា V55 ល្បីល្បាញជាទីបំផុតនៅកម្ពុជា ដែលមានមហាជនជាច្រើនចោទជាសំណួរថា តើឧត្តមសេនីយ៍ លី ឈុនអ៊ូ ចង់កាន់កាប់អាណាចក្រកម្ពុជាសំបូរទៅដោយល្បែងស៊ីសងមែនទេ?

បើទោះបីឧត្តមសេនីយ៍រូបនេះ បានបែកធ្លាយរូបភាពកំពុងតែលេងបៀរភ្នាល់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់រួចមកហើយក្ដី ក៏បុគ្គលនេះបានធ្វើលិខិតបំភ្លឺជាសាធារណៈថា រូបភាពបែកធ្លាយលេងល្បែងស៊ីសងក្នុងតារាងបាល់របស់ខ្លួនក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ជារូបភាពសប្បនិមិត្ដ ឬម្យ៉ាងទៀតហៅថា អេអាយទៀត ដោយបានភ្ជាប់នូវអង្គភាពជាច្រើនគេបានចោទប្រកាន់លេសជាព័ត៌មានមិនពិតថែមទៀត។ ម្យ៉ាងទៀតមិនដឹងថា អាជ្ញាធររាជធានីភ្នំពេញបានអនុវត្តបទបញ្ជាលេខ០១ឲ្យបានតឹងរ៉ឹងដែរទេ ឬក៏ខ្លាចអំណាចរបស់ឧត្តមសេនីយ៍ លី ឈុនអ៊ូ រូបនេះ?

បទបញ្ជាលេខ០១ របស់របស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំនានាជាបន្ទាន់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ជាន់ថ្នាក់ត្រូវតែតាមដានត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យ ត្រូវមានរបាយការណ៍ ករណីចាំបាច់ត្រូវសុំគោលការណ៍ពីថ្នាក់លើដើម្បីមានវិធានការទាន់ឲ្យសភាពការណ៍។ ប៉ុន្ដែករណីឧត្តមសេនីយ៍ លី ឈុនអ៊ូ ល្បីដល់ឋានព្រះឥន្ទទៅហើយ បែជាគ្មានឃើញមានចំណាត់ការរបស់អាជ្ញាធរ ឬសមត្ថកិច្ចណាហ៊ានធ្វើការចុះបង្ក្រាប ឬផ្ដន្ទាទោសដល់ឧត្តមសេនីយ៍ឧកញ៉ារូបនេះ ឬច្បាប់បង្កើតមកសម្រាប់តែអនុវត្តលើតែប្រជាពលរដ្ឋជាអ្នកប្រតិបត្តិមែនទេ?

អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំមើលថា លោកឧត្តមសេនីយ៍ លី ឈុនអ៊ូ ហៅឧកញ៉ា នៅតែមានវាសនាអាចគេចផុតពីសំណាញ់ច្បាប់ដែរឬទេ? ឬក៏ច្បាប់មិនអាចធ្វើអ្វីដល់បុគ្គលបែបនេះ ដែលមានបុណ្យសក្ដិយសសក្ដិក្នុងសង្គមមកអនុវត្តតាមផ្លូវច្បាប់បាន? អង្គភាពយើងខ្ញុំនៅតែបន្ដតាមដានករណីនេះបន្ដទៀត ហើយក៏នឹងរងចាំបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅរៀងរាល់ម៉ោងធ្វើការ សម្រាប់ព័ត៌មានលំអិតយើងខ្ញុំនឹងផ្សាយនៅវគ្គបន្ទាប់៕

រាយការណ៍ ដោយ លោក ហុិន សុខុន

Leave a Reply

Your email address will not be published. Required fields are marked *