[ព័ត៌មានបន្ទាន់] គ្រោះថ្នាក់ដ៏រន្ធត់៖ ផ្ទុះគ្រាប់មីនតោនសំណល់សង្គ្រាម បណ្តាលឱ្យកសិករម្នាក់ស្លាប់បាត់បង់ជីវិត និងខូចខាតត្រាក់ទ័រទាំងស្រុង នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង..
@បាត់ដំបង@; សោកនាដកម្មដ៏ក្រៀមក្រំមួយបានកើតឡើងនៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ ដោយសារសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានឆក់យកជីវិតកសិករម្នាក់ ខណៈកំពុងបើកបរត្រាក់ទ័រភ្ជួររាស់ដីស្រែចម្ការផ្ទាល់ខ្លួន។ស្ថិតនៅចំណុចភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។តាមប្រភពព័ត៌មានបានឱ្យដឹងថា គ្រាប់មីនដែលផ្ទុះនោះជាប្រភេទ “មីនតោន” ដែលជាសំណល់សល់ពីសម័យសង្គ្រាមក្នុងទសវត្សរ៍ ៨០-៩០។ កម្លាំងផ្ទុះដ៏សាហាវនេះបានបណ្តាលឱ្យ៖
បុរសជាអ្នកបើកបរត្រាក់ទ័រម្នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ។
គ្រឿងចក្រ (ត្រាក់ទ័រ) ត្រូវរងការខូចខាតខ្ទេចខ្ទីទាំងស្រុង។
ទោះបីជាភ្លើងសង្គ្រាមបានរលត់ទៅជិត ៣០ ឆ្នាំហើយក្តី ប៉ុន្តែ “ឃាតកលាក់មុខ” ដែលកប់ក្រោមដី នៅតែបន្តយាយីអាយុជីវិតបងប្អូនប្រជាពលរដ្ឋយើងមិនឈប់ឈរឡើយ ជាពិសេសនៅតាមតំបន់សមរភូមិចាស់ៗ។សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធលោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រើប្រាស់គ្រឿងចក្រធំៗក្នុងដីដែលមិនទាន់មានទំនុកចិត្តពីសុវត្ថិភាពគ្រាប់មីន។ ប្រសិនបើឃើញវត្ថុចម្លែកដែលសង្ស័យថាជាគ្រាប់យុទ្ធភណ្ឌ សូមរាយការណ៍ជូនអាជ្ញាធរ ឬស៊ីម៉ាក់ (CMAC) ជាបន្ទាន់៕
#(រាយការណ៍ ដោយករុណា)#

