ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងក្រុម លោក ដួង តារា ពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយ ដោះដូរ(លក់)ទីតាំងពន្ធនាគារខេត្តកំពង់ឆ្នាំង មកបើកសវនាការដើម្បីផ្តន្ទាទោសលើជនជាប់ចោទ ។ សវនាការបានធ្វើឡើងជាសាធារណៈ ដែលដឹកនាំដោយ លោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ទុង រតនា ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
សវនាការបានធ្វើឡើងចំពោះមុខជនត្រូវចោទទាំង០៤ នាក់ ៖ ទី១-ឈ្មោះ ដួង តារា, ទី២-ឈ្មោះ មួង ឃីម, ជាប់ចោទពីបទ ៖ «ជំនួញឥទ្ធិពលអកម្ម» តាមបញ្ញត្តិមាត្រា៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។ ៣-ឈ្មោះ អ៊ុត ធី ជាប់ចោទពីបទ៖ «ជំនួញឥទ្ធិពលសកម្ម» តាមបញ្ញត្តិមាត្រា៦០៦នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។ ៤-ឈ្មោះ លី សាម៉េត ហៅគ្រូមា ត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម» តាមបញ្ញត្តិមាត្រា២៩ មាត្រា៥៩៥ មាត្រា៥៩៦នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
ជនត្រូវចោទទាំង០៤នាក់ មានមេធាវីការពារក្តីតាមផ្លូវច្បាប់រៀងៗខ្លួន ហើយក្នុងនោះក៏មានការចូលរួមពីមន្ត្រីជំនាញនៃអង្គភាពប្រឆាំងអំពើពុករលួង«ACU»ផងដែរ ។ សវនាការបានសាកសួរដេញដោលលើជនត្រូវចោទអស់រយៈពេលជាច្រើនម៉ោង ពាក់ព័ន្ធសំណុំរឿងក្នុងការឃុបឃិតគ្នាដោះដូរ (លក់)ទីតាំងពន្ធនាគារខេត្តកំពង់ឆ្នាំង ចាស់ទៅទីតាំងថ្មីដែរ មានទំហំទឹកប្រាក់ជាង ៣លានដុល្លារអាមេរិក រវាងក្រុមហ៊ុន (អះស្ការិទ្ធ) ជាមួយសាលាខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៨ ។
តាមការស្តាប់ចម្លើយក្នុងសវនាការ ជនត្រូវទាំង០៤នាក់ ពិតជាបានឆ្លើយសារភាពមានភាពស៊ីសង្វាក់ពាក់ព័ន្ធបទល្មើសដូចការចោទប្រកាន់ខាងលើនេះ ប៉ុន្តែដោយពេលវេលាដល់ម៉ោងសម្រាករបស់មន្ត្រីរាជការ តុលាការបានលើកពេលប្រកាសសាលក្រមលើសំណុំរឿងនេះទៅថ្ងៃក្រោយដោយមិនកំណត់ ។
ជនត្រូវចោទទាំង០៤នាក់ មាន ១- ឈ្មោះ ដួង តារា, ២-ឈ្មោះ លី សាម៉េត ហៅ(គ្រូមា) និង៣-ឈ្មោះ អ៊ុត ធី ត្រូវបាននាំទៅឃុំខ្លួននៅពន្ធនាគារព្រៃស ចំណែកឈ្មោះ មួង ឃីម អនុរក្សបាននាំទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលវិញ ៕


