លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលខេត្តស្តីទី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជេីញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តកំពង់ស្ពឺ..!

 

ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦

លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលខេត្តស្តីទី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជេីញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តកំពង់ស្ពឺ ។

បន្ទាប់ពីសារលិខិតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយឯកឧត្តមឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកបណ្ឌិត តូច ប៉ូលីវ៉ា បានមានប្រសាសន៍ផ្តាំផ្ញេីនិងដាក់ចេញនូវគោលដៅ មួយចំនួនក្នុងការលើកកម្ពស់ប្រសិទ្ធភាព ការងារបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តកំពង់ស្ពឺ ដែលមានចំណុចសំខាន់ៗដូចខាងក្រោម៖
១. ត្រូវយកចិត្តទុកដាក់អនុវត្តនូវសារលិខិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជា ខ្លឹមសារប្រធានបទនៅក្នុងឆ្នាំនេះ ឲ្យចេញជាសកម្មភាពពិត និងលទ្ធផលជាក់ស្តែងនៅក្នុងមូលដ្ឋាន ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការប្រើប្រាស់ ការកែច្នៃ និងការជួញដូរគ្រឿងញៀន ខុសច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។
២.ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឲ្យបានកាន់តែខ្លាំងក្លាថែមទៀត នូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ សង្កាត់ “ស” គ្មានគ្រឿងញៀន ជាពិសេស ការបន្តចាត់តាំងអនុវត្តគោលការណ៍ “សម្អាតផ្ទះយើង” និង “សម្អាតចកចេញពីផ្ទៃបឹង” ដែលរាជរដ្ឋាភិបាលបានកំណត់ដាក់ចេញអោយមានប្រសិទ្ធភាពបំផុត ។
៣.ខ្ញុំសូមស្នើដល់គ្រប់អង្គភាពអនុវត្តច្បាប់ កងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវមានភាពម៉ឺងម៉ាត់ច្បាស់លាស់ និងប្រើប្រាស់វិធានការក្តៅដោយគ្មានការលើកលែង ក្នុងការបង្ក្រាបបទឧក្រិដ្ឋគ្រឿងញៀន បង្ក្រាបឲ្យបានដល់មេក្លោងចែកចាយ ដើម្បីកាត់ផ្តាច់ចរន្ត ទីផ្សារ ឈានទៅលុបបំបាត់ឲ្យបាននូវឫសគល់ នៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍។
៤. កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើន ពង្រឹង និងយកចិត្តទុកដាក់ជំរុញការអនុវត្តវិធានការរដ្ឋបាលឲ្យបានសកម្មបំផុត នៅតាមទីតាំងសប្បាយភាព នានា និងទីតាំងងាយរងគ្រោះពីការប្រព្រឹត្តបទល្មើសគ្រឿងញៀន ដូចជាខារ៉ាអូខេ ក្លឹបកម្សាន្ត បន្ទប់ជួល ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសផ្ទះជួល ទីតាំងជួល ដែលមានការប្រមូលផ្តុំ មនុស្សរស់នៅច្រើន ហើយប្រសិនបើពិនិត្យឃើញមានការពាក់ព័ន្ធ ឬមានការសមគំនិតប្រើប្រាស់ ទីតាំងនោះផ្តល់ជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើស ត្រូវអនុវត្តវិធានការច្បាប់ឲ្យបាន ម៉ឺងម៉ាត់ ។
៥.ទន្ទឹមគ្នាជាមួយនិងការអនុវត្តវិធានការច្បាប់ម៉ឺងម៉ាត់ និងការបង្ក្រាបដោយគ្មានការ លើកលែង វិធានការបង្ការទប់ស្កាត់ គឺត្រូវតែជាវិធានការចម្បង ដើម្បីកាត់ផ្តាច់នូវទីផ្សារប្រើប្រាស់ គ្រឿងញៀននៅក្នុងមូលដ្ឋានរបស់យើង ។
៦. អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបំផុសដល់ប្រជាពលរដ្ឋឲ្យចូលរួមកាន់តែសកម្ម ថែមទៀត ក្នុងការផ្តល់ព័ត៌មានពីក្រុមឧក្រិដ្ឋជន ដែលមានបំណងប៉ុនប៉ងលួចលាក់ផលិត កែច្នៃ និងចរាចរគ្រឿងញៀនក្នុងខេត្ត ជាពិសេសក្នុងការផ្សព្វផ្សាយ ជំរុញ និងលើកកម្ពស់ ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ដើម្បីធ្វើការរាយការណ៍ ។
៧. សូមអាជ្ញាធរមូលដ្ឋានទាំងអស់ យកចិត្តទុកដាក់ពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ នៅជុំវិញគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន សាលារៀន ឲ្យបានល្អ និងមានរបៀបរៀបរយ ចៀសវាងកុំឲ្យមានការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ និងការសេពគ្រឿងញៀនជាដើម ។
៨. ខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវ ដល់អាណាព្យាបាល មាតាបិតាសិស្សទាំងអស់ សូមបង្កើនការពិនិត្យ និងតាមដានចំពោះការសិក្សារបស់កូនៗឲ្យបានទៀងទាត់ និងសហការ ឲ្យបានជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូទទួលបន្ទុកថ្នាក់រៀននីមួយៗ ដើម្បីជាយន្តការមួយ ដាស់តឿន ក្រើនរំលឹកដល់កូនៗរបស់ខ្លួន ឲ្យពួកគេគេចផុតពីការក្លាយខ្លួនជាជនរងគ្រោះ ដោយសារបញ្ហាគ្រឿងញៀន ។

ពិធីនេះរួមមានគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរនានាជុំវិញខេត្ត លោកអភិបាល អភិបាលរង ក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន សសយក ខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជាខេត្ត និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកំសាន្ត ផងដែរ ៕

#រាយការណ៍ដោយ #ញៀប ចាន់

Leave a Reply

Your email address will not be published. Required fields are marked *