ខេត្តកំពត@.ប្រជាពលរដ្ឋរស់នៅក្នុងឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានគោរពសំណូមពរយ៉ាងទទូចដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត មេត្តាជួយចាត់វិធានការក្តៅ លុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ឱ្យស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ទីតាំងបើកល្បែងស៊ីសងខុសច្បាប់
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍កាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះបានឱ្យដឹងថា៖ប្រភេទល្បែង៖ ល្បែងជល់មាន់អនឡាញ និងល្បែងតាមប្រព័ន្ធអេឡិចត្រូនិចផ្សេងៗទៀត។
ទីតាំង៖ ស្ថិតនៅផ្ទះរបស់ម្ចាស់ឈ្មោះ រ៉ា ក្នុងភូមិទំនាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។
សកម្មភាព៖ ទីតាំងនេះបានបើកដំណើរការ និងមានមនុស្សជួបជុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង ដោយមិនមានការរំខាន ឬការចុះទប់ស្កាត់ពីសំណាក់លោកនាយប៉ុស្តិ៍រដ្ឋបាល និងអាជ្ញាធរឃុំក្រាំងស្នាយឡើយ។
ការរិះគន់ចំៗទៅលើអធិការនគរបាលស្រុកឈូក
ប្រជាពលរដ្ឋបានសម្តែងការខកចិត្ត និងលើកឡើងចំៗថា លោក ប៉ោ យ៉ា អធិការនគរបាលស្រុកឈូក ហាក់បីដូចជាមិនខ្វល់ខ្វាយពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងបញ្ហាល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ដោយបណ្តែតបណ្តោយឱ្យមានការបើកលេងពាសពេញឃុំក្នុងស្រុកឈូក។
សកម្មភាពបែបនេះ ត្រូវបានរងការរិះគន់ថា កំពុងអនុវត្តផ្ទុយ និងផ្គើនទៅនឹងបទបញ្ជា ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ថ្នាក់ដឹកនាំ ដែលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ឱ្យអស់ក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថា វត្តមានល្បែងស៊ីសងបេីកលេងតាមអនឡាញនៅក្នុងភូមិឃុំខាងលើនេះ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ ដូចជា៖
បណ្តាលឱ្យមានការបែកបាក់គ្រួសារ ធ្លាក់ខ្លួនជំពាក់បំណុលគេវណ្ឌក រហូតដល់រត់ចោលផ្ទះសម្បែង។
កើតមាននូវអំពើចោរកម្ម (លួច ឆក់ ប្លន់) ក្មេងទំនើង និងការបង្កចលាចល ជាដេីមដេីម និងបានធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ធ្ងន់ធ្ងរនៅក្នុងភូមិ-ឃុំមានសុវត្ថភាព ជូនប្រជាពលរដ្ឋ។
មហាជនកំពុងរង់ចាំមើលថា តើក្រោយពីមានការអំពាវនាវរបស់ប្រជាពលរដ្ឋ ខាងលេីនេះ ថាតេីមានប្រសិទ្ធភាពដែរឬទេ នឹងមានវិធានការក្តៅបែបណាទៅ លេី ករណីល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាននេះ៕

