(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា កត់សម្គាល់ឃើញការចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរ គឺខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមផ្នែកបច្ចេកទេសពីមន្ត្រីគយ.!។
ការកត់សម្គាល់នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ នៅសាលាជាតិគយនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធស្តីពីការស្វែងយល់ពីបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងវិធានការក្នុងវិស័យដឹកជញ្ជូន និងការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញរបស់អាជ្ញាធរដែនដី កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។
បើតាមសភាពាណិជ្ជកម្មកម្ពុជា ការចុះត្រួតពិនិត្យ និងបង្ក្រាបទំនិញតាមឃ្លាំងខុសនីតិវិធីច្បាប់ របស់សមត្ថកិច្ចបានបង្កើតឱ្យមានវិបត្តិហិរញ្ញវត្ថុអាជីវកម្ម ដ្បិតការផ្អាកផលិតកម្ម ធ្វើឱ្យបណ្តាលឱ្យធុរជនបាត់បង់ចំណូលភ្លាមៗ និងប្រឈមនឹងការខ្វះលទ្ធភាពសងបំណុលធនាគារ។
អគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា ឯកភាពស្នើសុំកិច្ចពិភាក្សាអន្តរាគមន៍បន្ទាន់មួយ ក្នុងគោលបំណងកំណត់នីតិវិធី និងការគោរពច្បាប់របស់សមត្ថកិច្ចចុះត្រួតពិនិត្យឱ្យបានច្បាស់លាស់.!៕

