ផ្លូវបេតុងមូលនិធិឃុំ នៅស្រុកត្រាំកក់ ផ្ទុះការរិះគន់រឿងគុណភាព ខណៈស្ថាបនាមិនទាន់ផុតកុងត្រាថែទាំផង ស្រាប់តែប៉្រេះ និងលេចក្បាលខ្សាច់.!

ខេត្តតាកែវ : ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងព្រីង និងភូមិអង្គរគី ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បានលើកឡើងនូវក្តីព្រួយបារម្ភចំពោះគុណភាពផ្លូវបេតុងមួយខ្សែ ដែលជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៥ ខណៈផ្លូវនេះទើបស្ថាបនារួចនៅដើមឆ្នាំ២០២៦ ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នបានបង្ហាញសញ្ញាខូចខាតជាបណ្តើរៗ ដូចជា មានស្នាមប៉្រេះ លេចក្បាលខ្សាច់ និងផ្ទៃបេតុងចាប់ផ្តើមស្រុតគុណភាព ទាំងដែលមិនទាន់ផុតរយៈពេលធានាថែទាំផងនោះ។

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះជាប្រចាំ បានលើកឡើងថា បើគិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ ផ្លូវមានអាយុកាលប្រមាណតែ ៤ ទៅ ៥ ខែប៉ុណ្ណោះ ប៉ុន្តែសភាពជាក់ស្តែងវិញ ហាក់ដូចជាប្រើប្រាស់អស់រយៈពេល ៤ ទៅ ៥ ឆ្នាំរួចទៅហើយ។ ពួកគេសង្ស័យថា អាចមានការស្ថាបនាមិនគោរពតាមលក្ខណៈបច្ចេកទេស ឬប្រើប្រាស់សម្ភារៈមិនមានគុណភាពគ្រប់គ្រាន់។

ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងទៀតថា បញ្ហាប៉្រេះ និងលេចក្បាលខ្សាច់លើផ្ទៃបេតុង អាចបណ្តាលមកពីការលាយបេតុងមិនបានស្តង់ដារ ការប្រើស៊ីម៉ង់ត៍មិនគ្រប់កម្រិត ឬការចាក់បេតុងមិនបានកម្រាស់ត្រឹមត្រូវតាមបច្ចេកទេស នោះអាចធ្វើឲ្យផ្លូវឆាប់ប្រេះ និងខូចខាតក្នុងរយៈពេលខ្លី។

ពលរដ្ឋខ្លះក៏បានលើកយកសុភាសិតបុរាណមកប្រៀបធៀបថា៖ «ចាក់ក្រាស់ ស៊ីស្តើង ចាក់ស្តើង ស៊ីក្រាស់» ដើម្បីសម្ដែងការសង្ស័យថា អាចមានភាពមិនប្រក្រតីពាក់ព័ន្ធនឹងការអនុវត្តគម្រោង និងការចំណាយថវិកា។

តាមការបញ្ជាក់ពីអ្នកយល់ដឹងផ្នែកសំណង់ ផ្លូវបេតុងដែលស្ថាបនាត្រឹមត្រូវតាមស្តង់ដារ គួរតែមានសភាពរឹងមាំ អាចប្រើប្រាស់បានយូរឆ្នាំ ដោយមិនងាយប៉្រេះ ឬលេចក្បាលខ្សាច់ក្នុងរយៈពេលខ្លីឡើយ។

ប្រជាពលរដ្ឋដែលអាស្រ័យផលលើផ្លូវនេះ បានសំណូមពរទៅកាន់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏ដូចជាអាជ្ញាធរឃុំលាយបូរ ដែលជាម្ចាស់គម្រោង មេត្តាចុះពិនិត្យគុណភាពផ្លូវ និងវាយតម្លៃលក្ខណៈបច្ចេកទេសឲ្យបានច្បាស់លាស់ មុននឹងទទួលយកស្នាដៃសំណង់ជាផ្លូវការ។

ពលរដ្ឋបានបន្ថែមថា ថវិកាមូលនិធិឃុំ គឺជាថវិការបស់ជាតិ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដើម្បីអភិវឌ្ឍមូលដ្ឋាន និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ដូច្នេះ ការអនុវត្តគម្រោងណាមួយ គួរតែមានតម្លាភាព គុណភាព និងទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា ថវិកាជាតិ ត្រូវបានប្រើប្រាស់ចំគោលដៅ និងផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាពលរដ្ឋ មិនមែនសាងសង់បានតែរយៈពេលខ្លី ក៏ចាប់ផ្តើមខូចខាតទៅវិញនោះទេ៕

(ហុិន សុខុន 012978112) អង្គភាព ខ្មែរប្រជាប្រិយ ព័ត័មានពិតទាន់ហេតុការណ៍ ក្នុងដៃអ្នក!

Leave a Reply

Your email address will not be published. Required fields are marked *