ខេត្តបាត់ដំបង,ស្រុកភ្នំព្រឹក កាលពីវេលាម៉ោង ៨:៣០ នាទីយប់ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ ស្ថិតក្នុងភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីនាំចេញទំនិញគេចពន្ធ (ស្រាបារី) ឆ្លងដែនទៅកាន់ប្រទេសថៃយ៉ាងអនាធិបតេយ្យ ដោយគេឃើញក្រុមឈ្មួញ និងកម្មករសម្រុកលីជញ្ជូនឆ្លងដែនយ៉ាងរលូនបំផុត។
អ្វីដែលជាចម្ងល់ដ៏ធំ និងជាសំណួរដែលសាធារណជនកំពុងរង់ចាំការបកស្រាយនោះគឺ៖
ការទទួលខុសត្រូវរបស់មន្ត្រីជំនាញ៖ នៅចំណុចកើតហេតុ ដែលជាច្រករបៀងស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ លោក ម៉ង សី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ និង លោកវរសេនីយ៍ត្រី ស៊ឹម កុសល នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក (ចក្រី) បែរជាមិនឃើញមានវត្តមានមន្ត្រីក្រោមឱវាទណាម្នាក់ ចុះមកធ្វើការទប់ស្កាត់ ឬត្រួតពិនិត្យឡើយ។
តើកម្លាំងយាមកាមក្រវាត់ព្រំដែននៅឯណា? បើទោះបីជាមានការដាក់ពង្រាយកម្លាំង វរសេនាតូចលេខ ៥៥១ ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ ខ្ចៅ សម្បត្តិ ដើម្បីពង្រឹងសន្តិសុខតាមបន្ទាត់ព្រំដែនយ៉ាងតឹងរ៉ឹងក៏ដោយ ប៉ុន្តែនៅយប់កើតហេតុ បទល្មើសបែរជាអាចដំណើរការទៅបានយ៉ាងរលូន ហាក់បីដូចជាមានការសម្របសម្រួលទុកជាមុន។
តើនេះជាការធ្វេសប្រហែស ឬជាយុទ្ធសាស្ត្រ “រក្សាភាពស្ងប់ស្ងាត់” ដើម្បីផលប្រយោជន៍?
មហាជនកំពុងដាក់មន្ទិលសង្ស័យ និងរិះគន់ចំៗទៅលើភាពចន្លោះប្រហោងនៃកម្លាំងយាមកាមក្រោមការដឹកនាំរបស់លោកមេបញ្ជាការទាំងពីរអង្គភាព។ តើការបាត់វត្តមានសមត្ថកិច្ចនៅចំណុចច្រកចក្រីនេះ ជាយុទ្ធសាស្ត្រ “ធ្វើមិនដឹង មិនឮ” ដើម្បីទុកផ្លូវឲ្យមេឈ្មួញនាំទំនិញចេញដោយសុវត្ថិភាពឬយ៉ាងណា?
ជាមួយគ្នានេះ អត្តសញ្ញាណមេឈ្មួញដែលនៅពីក្រោយខ្នង ក៏ត្រូវបានគេជឿជាក់ថាជាអ្នកមាន “ខ្សែស្រឡាយ” រឹងមាំផងដែរ ខណៈដែលកម្មករលីសែងហាក់មានការរុញរា និងភ័យខ្លាច មិនហ៊ានបង្ហើបឈ្មោះម្ចាស់ទំនិញសូម្បីបន្តិច។
ក្រុមអ្នកសារព័ត៌មានយើង នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីចង់ដឹងថា តើថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរខេត្តបាត់ដំបង នឹងមានវិធានការសាកសួរ ឬស្រាវជ្រាវជុំវិញការអសកម្មរបស់មន្ត្រីក្រោមឱវាទក្នុងករណីនេះដែរឬទេ? ដើម្បីជៀសវាងការរិះគន់ថា សមត្ថកិច្ចឃុបឃិតជាមួយឈ្មួញ ចាត់ទុកបទល្មើសជា “ឆ្នាំងស៊ុប” សម្រាប់ចែកគ្នាទទួលទាន បំផ្លាញចំណូលពន្ធរដ្ឋ និងសន្តិសុខសណ្តាប់ធ្នាប់ព្រំដែន។
ក្នុងនាមយើងជាអ្នកសារព័ត៌មាន (អ្នកប្រមាញ់រូបភាព)៖
យើងផ្សព្វផ្សាយដោយឈរលើមូលដ្ឋានជាក់ស្ដែង និងភស្តុតាងដែលបានឃើញផ្ទាល់ភ្នែក។ យើងប្រកាន់ខ្ជាប់នូវក្រមសីលធម៌៖
ទេ! ចំពោះសំណូកសូកប៉ាន់ដើម្បីលុបបំបាត់ព័ត៌មានពិត។
ស្មោះត្រង់៖ មិនបំភ្លៃការពិត និងរក្សាតម្លៃវិជ្ជាជីវៈដើម្បីសង្គមជាតិ។
(រាយការណ៍ដោយ លោក គង់ ករុណា ទូរសព្វ័លេខ 0885079815 សូមអរគុណ។

