ខេត្តតាកែវ៖ ករណីកាប់ដើមអាកាស្យ៉ានៅតំបន់ទេសចរភ្នំជីសូរ ស្រុកសំរោង កំពុងក្លាយជាបញ្ហាដែលទាក់ទាញការចាប់អារម្មណ៍សាធារណជន បន្ទាប់ពីមានការចែករំលែករូបភាពបង្ហាញពីដើមឈើត្រូវបានកាប់សល់តែគល់ ដោយឯកឧត្តមបណ្ឌិត ម៉ុង រិទ្ធី កាលពីពេលថ្មីៗនេះ។
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរខេត្តតាកែវ បានអះអាងថា លោកមិនបានដឹងជាមុនអំពីសកម្មភាពកាប់ដើមអាកាស្យ៉ានោះទេ។ ទោះបីមានព័ត៌មានអំពីគម្រោងវិនិយោគអភិវឌ្ឍន៍នៅតំបន់នេះក៏ដោយ ប៉ុន្តែមន្ទីររបស់លោកមិនទទួលបានឯកសារច្បាប់ ឬអាជ្ញាប័ណ្ណពាក់ព័ន្ធណាមួយឡើយ។
បន្ទាប់ពីកើតហេតុ លោកបានចូលរួមចុះពិនិត្យជាមួយក្រុមការងារខេត្ត ហើយរកឃើញថា ដើមអាកាស្យ៉ាជាច្រើនត្រូវបានកាប់អស់។ លោកក៏ណែនាំឲ្យសារព័ត៌មានសួរព័ត៌មានបន្ថែមពីអ្នកនាំពាក្យសាលាខេត្ត ដើម្បីទទួលបានការបំភ្លឺច្បាស់លាស់។
ទោះជាយ៉ាងណា អ្នកនាំពាក្យសាលាខេត្ត លោក លី សាវ៉េត មិនអាចទាក់ទងសុំការបំភ្លឺបាននៅថ្ងៃដដែលនេះ ខណៈអាជ្ញាធរមូលដ្ឋានបានអះអាងថា ពួកគេគ្រាន់តែដឹងអំពីគម្រោងអភិវឌ្ឍន៍ ប៉ុន្តែមិនធ្លាប់ឃើញឯកសារច្បាប់ ឬអាជ្ញាប័ណ្ណពាក់ព័ន្ធនោះឡើយ។
ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា ការកាប់ដើមអាកាស្យ៉ា អាចពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ជា បូរិទ្ធ និងលោក ជឹម សុវណ្ណរិទ្ធ សមាជិកក្រុមប្រឹក្សាឃុំរវៀង។ ទោះយ៉ាងណា លោក ជឹម សុវណ្ណរិទ្ធ បានបដិសេធថា លោកគ្រាន់តែចុះត្រួតពិនិត្យការងារប៉ុណ្ណោះ ហើយអះអាងថា មានច្បាប់អនុញ្ញាត ប៉ុន្តែមិនអាចបង្ហាញឯកសារបាន។
សូមរំលឹកថា ឯកឧត្តមបណ្ឌិត ម៉ុង រិទ្ធី បានឲ្យដឹងថា ក្នុងឆ្នាំ១៩៩៥-១៩៩៦ លោកធ្លាប់ចូលរួមអភិវឌ្ឍតំបន់ភ្នំជីសូរ ដោយដាំដើមអាកាស្យ៉ាជាង ៦០,០០០ ដើម។ ប៉ុន្តែការចុះពិនិត្យថ្មីៗនេះ បានរកឃើញថា ដើមឈើជាច្រើនត្រូវបានបាត់បង់ បង្កឲ្យមានសំណួរអំពីការគ្រប់គ្រង និងប្រាក់ចំណូលពីឈើទាំងនោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ សាធារណជនបានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធចេញមុខបកស្រាយ និងបង្ហាញភាពច្បាស់លាស់ ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍមានតម្លាភាព៕
តាកែវ ដោយ ហុិន សុខុន

