ខេត្តកំពង់ចាម៖ បរិយាកាសសប្បាយរីករាយ និងពោរពេញដោយអត្ថន័យប្រពៃណីខ្មែរ បានកើតឡើងក្នុងកម្មវិធីបំបោលគោ ក្របី សេះ និងរទេះគោ ដែលរៀបចំឡើងនៅវត្តបារាយណ៍ព្រះជីរធំ ស្ថិតក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ កម្មវិធីនេះត្រូវបានរៀបចំដោយព្រះចៅអធិការវត្ត សហការជាមួយរដ្ឋបាលឃុំ ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពីលោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ និងសហការី ជាតំណាងឲ្យលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ មកចូលរួមទស្សនា និងលេងកម្សាន្តយ៉ាងសប្បាយរីករាយ។
កម្មវិធីបំបោលសត្វ និងរទេះគោនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអភិរក្ស និងលើកស្ទួយវប្បធម៌ប្រពៃណីបុរាណខ្មែរ ដែលបានបន្តមកពីបុរាណកាល។ វាបង្ហាញពីជីវិតរស់នៅ និងអរិយធម៌កសិកម្មរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានការភ្ជាប់ជាមួយសត្វចិញ្ចឹម និងរបរដំណាំយ៉ាងជិតស្និទ្ធ។
ជាពិសេស កម្មវិធីនេះតែងតែប្រារព្ធឡើងជាប្រចាំរៀងរាល់ឆ្នាំ នៅថ្ងៃឡើងស័ក្តិ (ថ្ងៃទី៣) នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីបង្កើនភាពសាមគ្គី និងសេចក្តីរីករាយក្នុងសហគមន៍។ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ កម្មវិធីបានទាក់ទាញភ្ញៀវចូលរួមយ៉ាងច្រើន និងបង្កើតអនុស្សាវរីយ៍ល្អៗសម្រាប់អ្នកចូលរួមគ្រប់រូប។
រាយការណ៍ ដោយ ឌុំឈាន នាម ៨៨៨៨

