ខេត្តកោះកុង ៖ បែកធ្លាយមេគយអណ្ដូងទឹកលោក ម៉ៅ សាន់សូនា ដែលល្បីល្បាញខាងជម្រិតទារប្រាក់ សូម្បីតែអ្នកដឹកអេតចាយក៏មិនលើកលែងដែរនោះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនហើយ ពាក់ព័ន្ធនឹងការជម្រិតទារប្រាក់ពីជនជាតិចិនជាច្រើនករណី ។
ជាក់ស្តែងគ្រប់ឡានដឹកទំនិញក្នុងស្រុក ទាំងអស់ដែលឆ្លងកាត់ផ្លូវជាតិលេខ៤៨ខេត្តកោះកុង សូម្បីតែឡានដឹកអេតចាយ ត្រីសាច់ បន្លែផ្លែឈើបន្តិចបន្តួច ក៏លោកគយ ម៉ៅ សាន់សូនា រូបនេះទារប្រាក់ខណៈពេលឃាត់ត្រួតពិនិត្យម្តងៗជាថ្នូររាប់ពាន់ដុល្លារទើបអាចយកឡានចេញវិញបាន ។ ប៉ុន្តែបើសម្រួលត្រូវគ្នាគេថាយល់យោគយកត្រឹមលុយ៤0ម៉ឺនរៀល ទើបរថយន្តដឹកទំនិញអាចបន្តដំណើរទៅមុខបាន ។ ម៉្យាងទៀតទោះពលរដ្ឋដឹកសម្ភារ:រុះរើផ្ទះផ្លាស់ទីលំនៅ ក៏លោកគយរូបនេះមិនលើកលែងដែរដោយតម្រូវឲ្យបង់លុយក្រៅច្បាប់ចំនួន១៥ម៉ឺនរៀលក្នុង១រថយន្តជាថ្លៃបាយទឹក ។
គួរបញ្ជាក់ថាលោកមន្ត្រីគយ ម៉ៅ សាន់ សូនា ជាមន្ត្រីក្រោមឱវាទលោក ទុំណូ ប្រធានសាខាគយខេត្តកោះកុង ទទួលភារកិច្ចឈរជើងនៅចំណុច ភូមិជីមាលឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្ត កោះកុង លើផ្លូវជាតិលេខ៤៨ ។ កន្លងមក លោក ម៉ៅ សាន់សូនា រូបនេះបានជម្រិតទារប្រាក់ពីអ្នករកស៊ីដឹកគ្រឿងសមុទ្រចេញពីឃុំថ្មសទៅភ្នំពេញរាប់សែនរៀល ជាច្រើនដងមកហើយ ។ ករណីនេះត្រូវបានថ្នាក់លើដកបញ្ឈរជើងមួយរយៈ ។ ប៉ុន្តែមិនដឹងយ៉ាងម៉េចទើបលោកគយរូបនេះមានសំណាងត្រឡប់មកវិញ ដោយបញ្ចេញថ្វីដៃពុករលួយខ្លាំងជាមុន ដើម្បីប្រញាប់ស្រង់ដើមហើយមើលទៅ ទើបឈានដល់ចាប់ខ្លួនលោកមន្ត្រីគយ ម៉ៅ សាន់ សូនា ពីអង្គភាពប្រឆាំងអំពើពុករលួយបែបនេះ ។
ប្រជាជន និងអាជីវកររកស៊ីតាមផ្លូវនេះបានសាទរដល់អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានចំណាត់ការច្បាប់ដ៏ត្រឹមត្រូវលើមន្ត្រីខិលខូចទុច្ចរឹត រំលោភច្បាប់ ដើម្បីប្រយោជន៏ខ្លួន និងបក្ខពួក ក្រុមគ្រួសារ ។
ក្រោយបានដំណឹងថាសមត្ថកិច្ចបានចាប់ខ្លួន លោក ម៉ៅ សាន់ សូនា ពលរដ្ឋក្រីក្ររកស៊ីបន្តិចបន្តួចលក្ខណៈគ្រួសារ សង្ឃឹមថាពួកគាត់នឹងលែងរងការគាបសង្កត់ពីមន្ត្រីគយខិលខូចទៀតហើយ និងសំណូមពរដល់អង្គភាពប្រឆាំងអំពើពុករលួយជួយមើលលោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុងផង ព្រោះក៏អាចពាក់ព័ន្ធនឹងករណីពុករលួយនេះដែរ ខណៈរូបខ្លួនជាអ្នកគ្រប់គ្រងទូទៅប្រចាំសាខានោះ ៕ ប្រភព ពីពលរដ្ឋ

