ព័ត៌មានក្តៅៗ កម្មករប្រមាណជាង២០នាក់ នាំគ្នាធ្វើកូដកម្មបិទផ្លូវ ទាមទារអោយថៅកែបើកប្រាក់ឈ្នួល ដល់ខ្លួន.!

ខេត្តតាកែវ៖ កម្មករប្រមាណជាង២០នាក់បាននាំគ្នាធ្វើកូដកម្ម និងបិទផ្លូវ ដើម្បីទាមទារឱ្យថៅកែបើកប្រាក់ឈ្នួលដែលពួកគេអះអាងថា មិនទាន់បានបើកជូនពួកគេ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចអគារសំណង់រោងចក្រមួយកន្លែង ស្ថិតក្នុង ភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

បើតាមការបញ្ជាក់ពី លោក មូល សារ៉ាត់ អធិការនគរបាលស្រុកបាទី ក្រោយទទួលបានព័ត៌មានអំពីការធ្វើកូដកម្មខាងលើ លោកបានចាត់កម្លាំងនគរបាលចុះទៅកាន់ទីតាំង ដើម្បីសម្របសម្រួល និងស្នើឱ្យក្រុមកម្មករបើកផ្លូវឡើងវិញ ដើម្បីកុំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកអធិការបានឱ្យដឹងថា ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីជំនាញពាក់ព័ន្ធ និងមន្ទីរជំនាញខេត្តតាកែវ នឹងចុះមកជួបជាមួយភាគីកម្មករ និងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងស្វែងរកដំណោះស្រាយ នៅវេលាម៉ោង ២រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

បច្ចុប្បន្ន ករណីនេះកំពុងរង់ចាំការសម្របសម្រួល និងដោះស្រាយពីមន្ត្រីជំនាញ ដើម្បីស្វែងរកដំណោះស្រាយជូនភាគីទាំងអស់។

👉https://t.me/kpntvhotnews

 

👉https://t.me/kpn_tvhotnews

Leave a Reply

Your email address will not be published. Required fields are marked *